វត្តវិហារបុរាណរកាកណ្ដាល

 

ប្រវត្តិ វត្តវិហារបុរាណរកាកណ្តាល   (ទីតាំង)


វត្តរកាកណ្តាល ជាវត្តមួយ ស្ថិតនៅក្នុងភូមិទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ វត្តនេះ មានចម្ងាយប្រមាណ ២ គីឡូម៉ែត្រ ពីសាលាខេត្តក្រចេះ។

នាមវត្តិ

            យោងតាមឯកសារស្រាវជ្រាវ របស់លោក ឌឹម គាម និងឯកសាររបស់ព្រះគ្រូឧទេ្ទសាចារ្យ ប្រាក់ ធុត អាចារ្យបង្រៀនបាលី នៅវត្តរកាកណ្តាលនេះ កាលពីឆ្នាំ១៩៥៣ បានបញ្ជាក់ថា៖ វត្តនេះ គេឱ្យនាមទៅតាមភិនភាគនៃ នៃរុក្ខជាតិមួយ ឈ្មោះដើមថា ដើមរកា ។ ព្រោះកាលនោះ មានដើមរកាមួយដើមធំ ហើយមានដើមរកាតូចៗ ជាច្រើន​ ដុះព័ន្ធជុំវិញដើមរកាធំនោះ នៅខាងត្បូងវត្ត។ កាលបើឃើញភិនភាគយ៉ាងនេះ អ្នកស្រុកដែលនាំគ្នាកសាងវត្តនេះ បានឱ្យឈ្មោះវត្តនេះថាៈ  “វត្តរកាកណ្តាល ព្រោះមានដើមរកាធំ ស្ថិតនៅត្រង់កណ្តាល។

            តែក្រោយមក ប្រមាណឆ្នាំ១៩៥១ វត្តនេះ បានប្តូរទី មកកសាងនៅខាងកើតផ្លូវលំវិញ។ មូលហេតុ ដោយវត្តចាស់ ត្រូវច្រាំងទន្លេមេគង្គបាកស្រុត ដេញតាមមកដល់ទីធ្លាមុខវត្ត។

 

អ្នកផ្តើមកសាងវិហារបុរាណរកាកណ្តាល

            ឆ្លងតាមបទដំណាលរបស់អ្នកស្រុក និងតាមឯកសារយោងរបស់ព្រះគ្រូឧទ្ទេសាចារ្យ ប្រាង ធុត បានបញ្ជាក់ថាអ្នកកសាងវត្តនេះ មានបងប្អូនបង្កើតពីរនាក់បងឈ្មោះ ឧកញ៉ា នរេន ប៉ូច និងភរិយាឈ្នោះទៀង ឯកប្អូនឈ្មោះ ក្រឡាពាស ទៀង ភរិយាឈ្មោះ ណិប ជាអ្នកផ្តួចផ្តើមគំនិតកសាងឡើង ដើម្បីជាគុណប្រយោជន៍ នៅទីឋានៈភូមិនេះ។

            វត្តនេះ កសាងឡើង នៅក្នុងរាជ្យ ព្រះបរមកោដ្ឋ (ព្រះអង្គ ឌួង) នៅក្នុងឆ្នាំច សំរិទ្ធិស័កពុទ្ធសករាជ២៣៨១ គ្រឹស្តករាជ ១៨៣៨ គិតមកដល់បច្ចុប្បន្នឆ្នាំ២០២៤ នេះ កន្លងបាន ១៨៦ឆ្នាំហើយ។ ការកសាងដំបូងវត្តនេះមិនទាន់មានព្រះវិហារទេ មានតែកុដិតូចៗប្រក់ស្បូវ។ ព្រះពុទ្ធរូប ត្រូវបានព្រះសង្ឃយកមកតំកល់ទុកនៅក្នុងកុដិ។

 

            ក្រោយពេលកាប់ឆ្ការ ធ្វើជាវត្តហើយ ឧបាសក ឧបាសិកា​ បាននិមន្តព្រះសង្ឃ ៤ អង្គពីវត្តសិរីសុន្ធវង្សក្រចេះ មកគង់នៅវត្តនេះ ជាលើកដំបូងបង្អស់គឺ១.លោកគ្រូសូត្រព្រះនាម ព្រំ មួយ ២.ព្រះនាម ទា មួយ ៣.ព្រះនាម ប៉ែន មួយ ៤.ព្រះនាម រស់ មួយ ។ ព្រះសង្ឃទាំង ៤ អង្គនេះ គង់នៅមិនបានយូរប៉ុន្មាន ក៏លាចាកសិក្ខាបទអស់ទៅ។

            នៅព.ស.២៣៩១ ពុទ្ធបរិស័ទចំណុះជើងវត្ត បាននិមន្តលោកគ្រូព្រះនាម​ សុខ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ព្រមទាំងព្រះសង្ឃ ៤ អង្គពីវត្តសិរីសុន្ធរវង្សក្រចេះទៀត។ លោកគ្រូ សុខ ធ្វើជាចៅអធិការបាន ១២ ឆ្នាំ ក៏សុគត់ទៅ ឯព្រះវិហារនៅពុំទាន់កើតឡើងនៅឡើយ។

            លុះដល់ព.ស. ២៤០៣ ពុទ្ធបរិស័ទ បាននិមន្តលោកគ្រូនាម ឡាយ នៅជ្រោយដងភ្លើងឃុំ សាប មកធ្វើជាចៅអធិការ។ ព្រះភិក្ខុអង្គនេះ បានកសាងព្រះវិហារប្រក់ស្បូវ ហើយដង្ហែព្រះពុទ្ធរូប ដែលតម្កល់ទុកក្នុងកុដិ យកមកតម្កល់ទុកក្នុងព្រះវិហារវិញ ហើយបញ្ចុះសីមា ជារោងឧបោសថក្នុងព.ស.២៤១៦។ លុះបញ្ចុះសីមារួចហើយ ភិក្ខុអង្គនេះ ក៏មានអាពាធជាទម្ងន់ហើយក៏លាចាកសិក្ខាបទទៅ។

 

            ព.ស.២៤១៧ លោកគ្រូនាម សោម បានឡើងធ្វើជាចៅអធិការវត្ត។ លោកធ្វើជាចៅអធិការវត្តប្រមាណពីរឆ្នាំ ក៏មានភិក្ខុមួយអង្គទៀត ព្រះនាម តូច និមន្តមកពីវត្តក្រចេះ មកគង់នៅវត្តនេះដែរ។ ភិក្ខុតូច នេះ ត្រូវបានពុទ្ធបរិស័ទ និងលោកគ្រូចៅអធិការវត្តស្រលាញ់រាប់អានណាស់ ដោយលោកជាអ្នកឈ្លាសវៃខាងវិន័យ គេក៏និមន្តលោកឱ្យធ្វើជាឧបជ្ឍាយ៍បំបួសកុលបុត្ត។ ព្រះឧបជ្ឍាយ៍ និងចៅអធិការពីរអង្គនេះ ពួតដៃគ្នាកសាងវត្តអារាម រុះរើព្រះវិហារប្រក់ស្បូវចេញហើយធ្វើជាវិហារប្រក់ក្បឿងវិញ។

            បន្ទាប់ពីព្រះសង្ឃពីរអង្គនេះមក នៅព.ស.២៤៣៧ ភិក្ខុព្រះនាម ភឿ បានធ្វើជាចៅអធិការ។ ព្រះថេរៈអង្គនេះ លោកបានជួសជុលព្រះវិហារ កុដិ និងសាលាខ្លះៗ។ លោកធ្វើចៅអធិការបាន ១៤ឆ្នាំ ក៏សុគត់ទៅ។

            នៅព.ស.២៤៥៩ លោកគ្រូ ស្រី អ៊ូ បានធ្វើជាចៅអធិការតមកទៀត លោកបានខិតខំជួសជុល ទីធ្លាវត្តនេះ ឱ្យមាន     សោភណភាពសមរម្យជាវត្តអារាមក្នុងព្រះពុទ្ធសាសនា។

 

            វត្តចាស់ ព្រះវិហារបុរាណ ដែលបានកសាង ជំនាន់រាជ្យ ព្រះបរមកោដ្ឋ(ព្រះអង្គឌួង) នាឆ្នាំ១៨៣៩ នោះ បានស្ថិតនៅជាប់ផ្លូវមាត់ទន្លេមេគង្គ ទិសខាងលិចវត្តបទុមមុនីវណ្ណារាម រកាកណ្តាលបច្ចុប្បន្ន។ ស្ថិតក្រោមការគ្រប់គ្រង ថែរក្សារបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជរដ្ឋាភិបាលកម្ពុជា ទុកបេក្ខភណ្ឌសម្បត្តិវប្បធម៌ ព្រះវិហារបុរាណរកាកណ្តាល ពុំមានឱ្យមានការរុះរើឡើយ បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ឯកឧត្តម វ៉ា ថន ជាអភិបាលខេត្ត ក្រចេះបានធ្វើការអភិរក្សបានយ៉ាងល្អ និងបាននាំយកផ្ទះបុរាណមានសរសរ១០០ មកសាងសងកម្កល់ទុកក្នុងទីធ្លាវត្តបុរាណនេះ  បានធ្វើវត្តបុរាណមួយនេះ ក្លាយជារមណីយដ្ឋានដែលសក្តានុពលខ្លាំងបន្ថែមទៀត ក្នុងគោលដៅវិស័យទេសចរណ៍វប្បធម៌ជាតិ ដ៏មានសារៈសំខាន់សម្រាប់ក្រុងក្រចេះ និងខេត្តក្រចេះទាំងមូល ៕

*(អត្ថបទស្រាវជ្រាវ លោក ទឹម សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ)

ឯកសារយោង៖

           -ទស្សនាវដ្តីកម្ពុសុរិយា

             -ឯកសារលោកគ្រូ ជួប ឃាង ឧទ្ទេសាចារ្យភាសាបាលី ពុទ្ធិកអនុវិទ្យាល័យ សា សាន ជា ឆោម ខេត្តក្រចេះ

             -ឯកសារការិយាល័យធម្មការ និងសាសនាក្រុងក្រចេះឆ្នាំ ២០១៧

             -របាយការណ៍លោក ស្រី កុសល ចៅសង្កាត់រកាកណ្តាល

 


















Post a Comment

0 Comments