ប្រវត្តិក្រុងក្រចេះ

ប្រវត្តិក្រុងក្រចេះ

ក្រុងក្រចេះជាទីរួមខេត្ត នៃខេត្តក្រចេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩ តាមអនុក្រឹត្យលេខៈ១០អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការប្តូរឈ្មោះស្រុកក្រចេះ ទៅជាស្រុកចិត្របុរី និងការបង្កើតក្រុងក្រចេះ នៃខេត្តក្រចេះ ត្រង់មាត្រា ២.­-ត្រូវបានបង្កើតក្រុងក្រចេះ នៃខេត្តក្រចេះដោយកាត់យកឃុំចំនួនប្រាំគឺ​ ឃុំអូរឫស្សី ឃុំក្រចេះ ឃុំកោះទ្រង់ ឃុំក្រគរ និងឃុំរកាកណ្តាល ពីស្រុកចិត្របុរី នៃខេត្តក្រចេះ និងត្រូវបានប្តូរឃុំទៅជាសង្កាត់នៃក្រុងក្រចេះ។

ក្រុងក្រចេះស្ថិតនៅក្នុងទីរួមខេត្តក្រចេះ នៅប៉ែកឦសាន នៃប្រទេសកម្ពុជា តាមការរៀបរាប់របស់ចាស់ទុំរស់នៅតំបន់នេះ នាដើមទសវត្សឆ្នាំ១៩០០ ទឹកដីខេត្តក្រចេះ មានជនជាតិភាគតិចជាច្រើនរស់នៅ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោះដូរទំនិញផ្សេងៗ នៅភូមិភាគឦសានទាំងមូលតាមច្រក កំពង់ចម្លងក្របី របស់ជនជាតិស្ទៀង ឆ្លងពីក្រចេះទៅតំបន់ខាងលើ និងពីក្រចេះទៅតំបន់ខាងក្រោម។ យោង ៖ វចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ភាគទី១ និងភាគទី២ ត្រង់ទំព័រ ត្រង់ទំព័រ៩៣០ បោះពុម្ពឆ្នាំ១៩៦៧ ពន្យល់ថា៖ ពាក្យភាសាស្ទៀង ក្រចេ គឺសត្វ ក្របី ក្រោយមកពាក្យ  “ក្រចេ ក៏ក្លាយមកជា ក្រចេះ ក្រចេះ នេះក៏ក្លាយមកពីដើមរុក្ខជាតិមួយប្រភេទដែលសំបូរដុះនៅភូមិភាគឦសាននេះដែលមានក្លិនក្រអូប គេយកវាទៅធ្វើម្សៅក្រអូបហៅថាម្សៅក្រចេះ ក៏ហៅថាក្រចេះៗរហូតដល់សព្វថ្ងៃ ។

ក្រុងក្រចេះ ជាក្រុងមួយក្នុងចំណោមក្រុង/ស្រុក ទាំង៧ នៃខេត្តក្រចេះ គឺមានក្រុងក្រចេះ, ស្រុកចិត្របុរី, ស្រុកស្នួល, ស្រុកឆ្លូង, ស្រុកព្រែកប្រសព្វ, ស្រុកសំបូរ និងស្រុកអូរគ្រៀងសែនជ័យ។ ក្រុងក្រចេះមានពុំ្រប្រទល់ខាងកើតជាប់នឹងឃុំដារ នៃស្រុកចិត្របុរី ខាងលិចជាប់នឹងទន្លេមេគង្គ ខាងជើងជាប់ឃុំថ្មគ្រែ និងឃុំគោលាប់នៃស្រុកចិត្របុរី និងខាងត្បូងជាប់នឹងឃុំបុលាវស្រុកចិត្របុរី។ ក្រុងក្រចេះមានផ្ទៃដីសរុប ៨៩,៨៩ គីឡូម៉ែត្រការ៉េ។ ចែកចេញជា ៥ សង្កាត់ គឺសង្កាត់កោះទ្រង់, សង្កាត់ក្រគរ, សង្កាត់ក្រចេះ, សង្កាត់អូរឫស្សី និងសង្កាត់រកាកណ្តាល។ សង្កាត់កោះទ្រង់មាន ២ភូមិ គឺភូមិក្បាលកោះ និងភូមិចុងកោះ។ សង្កាត់ក្រគរ មាន ២ភូមិ គឺភូមិក្រគរ និងភូមិទួលមនោរម្យ។ សង្កាត់ក្រចេះមាន ៥ភូមិ គឺភូមិក្រចេះ, ភូមិដូនជ្រាំ, ភូមិត្រពាំងព្រីង, ភូមិវត្ត, និងភូមិផ្សារវែង។ សង្កាត់អូរឫស្សី មាន ៨ភូមិ គឺភូមិអូរឫស្សី, ភូមិអូរឫស្សី១, ភូមិអូរឫស្សី៣, ភូមិកន្ទ្រីង, ភូមិកាប៉ូ, ភូមិកាប៉ូ១, ភូមិស្រែស្តៅ និងភូមិស្រែស្តៅ១។  សង្កាត់រកាកណ្តាលមាន ២ភូមិ គឺភូមិទី១ និងភូមិទី២ សរុបមានចំនួន ១៩ភូមិ។ ចំពោះភូមិកាប៉ូ១, ភូមិអូរឫស្សី៣, និងភូមិស្រែស្តៅ១ ត្រូវបានបំបែកចេញពីភូមិដែលធំនិងត្រូវបង្កើតឡើងដោយប្រកាសលេខ៧៧៣ ប្រក. ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការបង្កើតភូមិនៃខេត្តក្រចេះ។  ក្រុងក្រចេះមានគ្រួសារសរុបចំនួន ៨.២៧១គ្រួសារ ប្រជាពលរដ្ឋរស់នៅសរុបចំនួន ៣៣.៦៥៤នាក់/១៧.១០៦នាក់ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងមានចំនួន ២២.៩១៧នាក់/១១.៧០៤នាក់ មានដង់ស៊ីតេប្រជាជន៣៦៥នាក់/Km2។  ប្រជាពលរដ្ឋប្រមាណ ៣៧,៥% ជាកសិករ ហើយ១,៨% ជាសិប្បកម្ម និង៦០,៧% ជាសេវាករ។

ក្រោមម្លប់នៃសន្តិភាព បានធ្វើប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ក្រុងក្រចេះក៏មានការប្រែមុខមាត់នឹងមានការអភិវឌ្ឍន៍ជាច្រើនក្នុងនោះមានជាអាទិ៍៖ មានផ្លូវកៅស៊ូ ២២.៩៥០ម៉ែត្រ, ផ្លូវបេតុង ១៣.៣៨៨ម៉ែត្រ, ផ្លូវគ្រួសក្រហម ៨១.៨៤៦ម៉ែត្រ, មានស្ពានបេតុងចំនួន ៤កន្លែង, និងស្ពានដែកបេឡេ ២កន្លែង។ មានផ្សារធំៗចំនួន ៣កន្លែង។ មានសាកលវិទ្យាល័យ ៣កន្លែង (រដ្ឋ ១កន្លែង និងឯកជន ២កន្លែង) វិទ្យាល័យ ៣កន្លែង,   អនុវិទ្យាល័យ ៤កន្លែ, បឋមសិក្សា ១៣កន្លែង,  មត្តេយ្យសិក្សា ១៤កន្លែង, (រដ្ឋ ៧ សហគមន៍ ៤ និងឯកជន ៣) មាន​គ្រូ​​សរុបចំនួន ៥៦១នាក់/៣៧៧នាក់, និងសិស្ស ១០.៤១៨នាក់, ស្រី ៥,២៧៥នាក់។ មានមន្ទីរពេទ្យបង្អែក១កន្លែង, មានការិយាល័យស្រុកប្រតិបត្តិ ១កន្លែង, មណ្ឌលសុខភាព ៣កន្លែង, ប៉ុស្តិ៍សុខភាព ១កន្លែង និងបុគ្គលិកពេទ្យចំនួន១៦៦នាក់, និងសម្ភារៈបរិក្ខាពេទ្យ ថ្នំាពេទ្យ សម្រាប់ព្យាបាលជូនប្រជាពលរដ្ឋមានប្រសិទ្ធភាព និងទាន់ពេលវេលា។ មានសហគមន៍ទេសចរណ៍ចំនួន ២កន្លែង សហគមន៍អេកូទេចរណ៍សង្កាត់កោះទ្រង់ និងឆ្នេរខ្សាច់កោះទ្រង់ និងរមណីដ្ឋានវប្បធម៌(វិហារបុរាណ្យវត្តរកាកណ្កាល) ១កន្លែង នៅសង្កាត់រកាកណ្តាល។ មានវត្តអារាមព្រះពុទ្ធសាសនាចំនួន ១២វត្ត, សាលាពុទ្ធិកបឋមសិក្សា ៣កន្លែង ពុទ្ធិអនុវិទ្យាល័យ ១កន្លែង ពុទ្ធិកបណ្ណាល័យ២កន្លែង, បណ្តាល័យ, វិហារសាសនាគ្រឹស្ថ ១០កន្លែង, វិហារអ៊ីស្លាម ២កន្លែង, វិហារសាសនាមហាយាន​ ១កន្លែង និងវិហារគង់ស៊ីអ៊ីម ១កន្លែង។ មានសណ្ឋាគារ និងផ្ទះសំណាក់ចំនួន ​ ភោជនីយដ្ឋាន និងអាហារដ្ឋាន ហាងកាហ្វេប្រ៊េន មីនីម៉ាត ធានាគារ និងមានសមិទ្ធផលជាច្រើនទៀត កត្តាភូមិសាស្ត្រអំណោយផល និងភាពរីកចម្រើនបានធ្វើឱ្យក្រុងនេះមានភាពស៊ីវិល័យ និងទាក់ទាញភ្លៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាផងដែរ៕

*(អត្ថបទស្រាវជ្រាវ លោក ទឹម សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ)

ឯកសារយោង
-អនុក្រឹត្យលេខ១០ អនក្រ.បក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០០៩
-សៀវភៅកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលក្រុងក្រចេះ
-ការិយាល័យភូមិបាលក្រុងក្រចេះ 
-ការិយាល័យធម្មការ និងសាសនាក្រុង ២០១៧
-ការិយាល័យផែនការ និងគាំទ្រសង្កាត់
-ការិយាល័យអប់រំ យុវជននឹងកីឡាក្រុងក្រចេះ
-ការិយាល័យសង្គមកិច្ច និងសុខមាភាពសង្គមក្រុងក្រចេះ
-ការិយាល័យស្រុកប្រតិបត្តិសុខាភិបាលក្រចេះ














Post a Comment

0 Comments