ប្រវត្តិវត្តពោធិសត្ថារាម ហុង ឡាំ (
វត្តពោធិសត្ថារាម ហៅ(វត្តហុងឡាំ) ស្ថិតនៅក្នុងភូមិអូរប្ញស្សី២ សង្កាត់អូរប្ញស្សី ក្រុងក្រចេះ ខេត្តក្រចេះ។ ត្រូវបានកសាងឡើងតាំងពីឆ្នាំ១៩៦៤ ដោយលោក អេង លី ហុងឡាំ។ ហេតុដែលនាំឱ្យហៅថា វត្តហុង ឡាំ នេះ គឺដោយសារតែលោក អេង លី ហុងឡាំ ជាអ្នកកសាង ហើយនិមន្តព្រះសង្ឃមកគង់នៅ ចាំព្រះវស្សា ទើបហៅ វត្តហុង ឡាំ ជាប់តគ្នារហូតមកទល់សព្វថ្ងៃនេះ។ ស្ថានភាពវត្តចាប់ពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ វត្តពោធិសត្ថារាម ត្រូវបានបោះបង់ចោលដោយសារសង្គ្រាម និងរបប ប៉ុល ពត។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ វត្តពោធិសត្ថារាមនេះ មិនទាន់មានការកសាងអ្វីនោះទេ លុះមកដល់ឆ្នាំ១៩៩៤ ទើបព្រះគ្រូ ឯក សារិទ្ធ បានដឹកនាំកសាងវត្តនេះឡើងវិញ ជាមណ្ឌលវិបស្សនាធុរៈស្រុកក្រចេះ ហើយមកដល់ឆ្នាំ២០០៨ វត្តនេះត្រូវបានប្តូរឈ្មោះទៅជា វត្តពោធិសត្ថារាម ហើយបញ្ចុះគោលសីមា ក្រោមអធិបតីភាព ព្រះឈានប្បទីបោ ម៉ុត ឈីន ព្រះមេគណខេត្តក្រចេះ។
ស្ថិតក្រោមការគ្រប់គ្រងរបស់សាលាអនុគណស្រុកក្រចេះ ដែលមានព្រះគ្រូ ឯក សារិទ្ធិ ជាអនុគណស្រុកក្រចេះ មានសាឡុង១ខ្នង,សាលាឆាន់និងជាសាលាសិក្សាបដិបត្តិធម៌១ខ្នង, កុដិឈើ២ខ្នង, របង១ជុំ និងខ្លោងទ្វារមុខ១។ តាំងពីការកកើតវត្តពោធិសត្ថារាម (ហុងឡាំ) មកដល់សព្វថ្ងៃនេះ ព្រះចៅអធិការវត្តបានកសាងហេដ្ឋាចរនាសម្ពន្ធ កសាងព្រះវិហារ សាលាឆាន់ របងថ្មី ក្លោងទ្វាវត្តថ្មីនិងសមិទ្ធនានាជាច្រើន ក្រោមការដឹកនាំរបស់ព្រះសង្ឃព្រះពុទ្ធសាសនាថេរវាទមហានិកាយ ដែលជាព្រះចៅអធិការវត្តចំនួន ០២ ព្រះអង្គគឺ៖
ទី១ ព្រះចៅអធិការ ព្រះនាម ព្រះភិក្ខុបញ្ញាបទីបោ ប្រាក់ ឃិន (ឆ្នាំ២០០៨ ដល់ ឆ្នាំ២០១៣) ទី២ ព្រះចៅអធិការ ព្រះនាម ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះបាឡាត់គណខេត្តក្រចេះ នឹងព្រះចៅអធិការវត្តពោធិសត្ថារាម ពីឆ្នាំ២០១៣ ដល់បច្ចុប្បន្ន ព្រះចៅអធិការទាំងពីអង្គបានកសាង ព្រះវិហារថ្មី សាលាឆាន់ ១ខ្នង កសាងហោត្រៃ ១ខ្នង, កសាងបល្ល័ង្កព្រះបដិមាអភ័យសត្វ, កសាងរបងជុំវិញ, ចាក់សាបបេតុង, កសាងខ្លោងទ្វារចូលវត្តខាងត្បូង, កសាងបល្ល័ង្កព្រះបដិមាផ្ចាញ់មារ, កសាងដងទង់, កសាងបង្គោល,ភ្លើង ទិញដី៣ប្លង់ពង្រីកវត្ត, កសាងកុដិវត្តអូរប្ញស្សី, ជួសជុលកុដិ, កសាងរោងភត្ត, កសាងបង្ហើយកុដិថ្ម១ខ្នង, កសាងសមិទ្ធផលនានាក្នុងវត្តជាច្រើនទៀត៕
0 Comments