សហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់
កោះទ្រង់ គឺជាកោះមួយដែលស្ថិតនៅលើផ្ទៃទឹកនៃទន្លេមេគង្គនៅខេត្តក្រចេះ ប្រទេសកម្ពុជា កោះទ្រង់ជាសង្កាត់មួយក្នុងចំណោមសង្កាត់់ ទាំង៥ នៃក្រុងក្រចេះ ខេត្តក្រចេះ ។ សង្កាត់កោះទ្រង់ មានភូមិចំនួន២ គឺភូមិក្បាលកោះ និងភូមិចុងកោះទ្រង់។
កោះទ្រង់ស្ថិតនៅចំកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ នៅទិសខាងលិចប្រវែងប្រមាណ ១គីឡូម៉ែត្រ ។ កោះនេះមានផ្ទៃដីសរុបទំហំ ២២៣ហិចតា ដីលំនៅដ្ឋានទំហំ ៣៥ហិចតា ផ្ទៃដីកស្រែវស្សាចំនួន១១៣ហិចតា ផ្ទៃដីដំណាំក្រូចផ្អែមទំហំ៣១,៥ហិចតានឹងដើមក្រូចផ្អែមចំនួន ១១.២២៧ដើម និងមានផ្ទៃដីដំណាំសាវប្បកម្មទំហំ ៧៥ហិចតា កោះទ្រង់មានប្រជាពលរដ្ឋភាគច្រើនជាកសិករ ពីព្រោះកោះនេះដីសម្បូរទៅដោយដីមានជីវជាតិ អំណោយផលដល់វិស័យកសិកម្ម។ កោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏មនោរម្យក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ក្រុងក្រចេះ។ កោះទ្រង់នេះមានឆ្នេរខ្សាច់ព័ន្ធជុំវិញអមដោយទឹកទន្លេមេគង្គនាវដូវប្រាំង ដែលលាតសន្ធឹងតាមបណ្តោយកោះទិសខាងកើត ជាតំបន់ក្នុងការធ្វើដំណើរកំសាន្តតាមឆ្នេរដ៏ស្រស់ស្អាត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសគឺការស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធពីធម្មជាតិបៃតងនៃផ្ទៃកោះទាំងមូល។ កោះទ្រង់មានបណ្តោយប្រវែងប្រមាណ ៤.៥ គ.ម ពីជើងទៅត្បូង ព័ទ្ធជុំដោយផ្លូវប្រវែង ៩៨៤៧ម៉ែត្រ ផ្លូវបេតុង ទទឹង ១,៥ម៉ែ នឹង៣ ម៉ែត្រប្រវែង ៨.១២២ម៉ែត្រ និងមានរុក្ខជាតិបៃតងអមដងផ្លូវសម្បូរទៅដោយដើមផ្កា ដើមចេក ដើមឫស្សី និងដើមក្រូចថ្លុង ដែលមានរស់ជាតិផ្អែមផ្លែកពីក្រូថ្លុងនៅស្រុកដទៃ នឹងត្រូវបានចុះក្នុងបញ្ជីកម្មសិទ្ធបញ្ញាសំគាល់ភូមិសាស្ត្រ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ នៅក្រសួងពាណិជ្ជកម្ម។ នៅចំកណ្តាលកោះមានបឹងចំនួន២ សម្រាប់ស្រោចស្រប ដំណាំស្រូវ ក្រូចថ្លុង និងដំណាំសាវប្បកម្មផ្សេងៗ។ ដោយមានភាពអំណោចពីធម្មជាតិ សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០៨ ក្រោមការជួយសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តក្រចេះ អង្គការកាហ្វដុក និងមានការគាំទ្រថវិកាពីអង្គការមូលនិធីអាស៊ី តាមរយៈអង្គការ អុកស្វាមអង់គ្លេស។
ដោយមើលឃើញពីសក្តានុពលនូវវិស័យទេសចរណ៍កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ
លោក សេក ប៊ុនហេង អភិបាលនៃគណៈអភិបាលក្រុងក្រចេះ
បានយកចិត្តទុកខ្ពស់ដល់សង្កាត់កោះទ្រង់ បានគាំទ្រ ជម្រុញ លើកទឹកចិត្ត
ដល់សង្កាត់កោះទ្រង់ រក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្លាប់សាធារណៈ អនាម័យបរិស្ថាន កសិកម្ម
សេវាកម្ម... និងបានប្រគល់មុខងារគ្រប់គ្រងសំរាម
សំណល់រឹងទីប្រជុំជនទៅឱ្យសង្កាត់កោះទ្រង់ ដោយបានជួយគាំទ្រពីរដ្ឋបាលក្រុង និងអង្គការដៃគូរ រួមទាំងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានសង្កាត់កោះទ្រង់ផ្ទាល់
បានធ្វើឱ្យសហគមន៍អេកូ-ទេសចរណ៍ធម្មជាតិកោះទ្រង់ក្លាយជាសង្កាត់ស្អាត ភូមិស្អាតគ្មានសំរាម
មានអនាម័យ មានសោភណភាពល្អ បរិស្ថានស្អាត ល្បីល្បាញដល់ប្រទេសនៅក្នុងតំបន់ដែលគ្រប់គ្រង់សំរាមបានក្នុងដែនកោះក្នុងរយៈពេលដ៏ខ្លី
នឹងបានទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាគ្រប់រដូវកាលផងដែរ។
កោះទ្រង់មាន៖ រីសត ផ្ទះស្នាក់សហគមន៍ ម្ហូបអាហារបែបធម្មជាតិ សួនដំាបន្លែ
និងមានម៉ូតូឌុប រទេះសេះ រទេះគោ រ៉ឺមកទេសចរ និងជួលកង់ជិះកំសាន្តជំវិញកោះ
មើលសត្វជ្រឹងនៅក្បាល ដើមរកាដ៏ធំដែលមានអាយុកាលរាប់រយឆ្នាំ មើលផ្ទះបណ្តែតទឹក វត្តអារាមព្រះពុទ្ធសាសនាចំនួន២វត្ត
និងវត្តមហាយាន ជនជាតិវៀតណាម ហើយទេសចរក៍អាចធ្វើការប៉ោះតង់លើឆ្នេរខ្សាច់ដ៍ធំស្រស់ស្អាត
ដែលអាចងូតទឹកលេង មើលថ្ងៃលិចចុងព្រៃព្រឹក្សា មើលឃើញផ្ទៃទឹករលកព្រិចៗនាពេលថ្ងៃរៀបលិចដ៏ស្រស់ស្អាត
និងសម្រស់ដ៏ស្រស់ត្រកាលរបស់ក្រុងក្រចេះនៅពេលរាត្រីផងដែរ៕
*(អត្ថបទស្រាវជ្រាវ លោក ទឹម
សុរិយា នាយករងរដ្ឋបាលសាលាក្រុងក្រចេះ)
ឯកសារយោង៖
- អត្ថបទរបស់រដ្ឋបាលខេត្តក្រចេះ
- ឯកសារការិយាល័យធម្មការ និងសាសនាក្រុងក្រចេះ ២០១៧
- ឯកសារការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងក្រចេះ ២០២៣
- ឯកសារការិយាល័យសាធារណៈការដឹកជញ្ជូន អនាម័យ បរិស្ថានក្រុងក្រចេះ ២០២៤
-របាយការណ៍របស់សង្កាត់កោះទ្រង់
0 Comments